មាត្រា ១.-ច្បាប់ទូទៅនៃនីតិឯកជន
ក្រមនេះ បញ្ញត្ដអំពីគោលការណ៍ទូទៅដែលទាក់ទងទៅនឹងទំនាក់ទំនងគតិយុត្ដផ្នែករដ្ឋប្បវេណី ។ បញ្ញត្ដិនៃក្រមរដ្ឋប្បវេណីនេះ ត្រូវយកមកអនុវត្ដ ចំពោះទំនាក់ទំនងទ្រព្យសម្បត្ដិ និង ទំនាក់ទំនងញាតិ លើកលែងតែមានកំណត់ផ្សេង នៅក្នុងច្បាប់ពិសេស ។
មាត្រា ២.-គោលការណ៍ជាមូលដ្ឋាន
ក្រមនេះ កំណត់អំពីគោលការណ៍នៃការធានាសេចក្ដីថ្លៃថ្នូររបស់បុគ្គល ភាពស្មើគ្នារបស់បុរស នារី និងសិទ្ធិលើទ្រព្យសម្បត្ដិ ដែលត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ។
មាត្រា ៣.-គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន
ក្រមនេះ គោរពនូវសេរីភាពនៃឆន្ទៈរបស់បុគ្គល និង បញ្ញត្ដអំពីទំនាក់ទំនងគតិយុត្ដ ប្រកបដោយសមភាពរវាងបុគ្គលឯកជន ដោយរួមបញ្ចូលទាំងនីតិបុគ្គល ។ នីតិបុគ្គលសាធារណៈ ដែលនៅក្នុងទំនាក់ទំនងនៃការជួញដូរ ត្រូវចាត់ទុកថាជាបុគ្គលឯកជន ។
មាត្រា ៤.-ការហាមឃាត់មិនឱ្យប្រើប្រាស់សិទ្ធិដោយបំពាន
ទោះបីជាសិទ្ធិក៏ដោយ ក៏ពុំត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយបំពានឡើយ ។ នៅក្នុងករណីដែលបានប្រើប្រាស់សិទ្ធិ ដោយបំពានហួសពីទំហំនៃការការពារ ដែលត្រូវបាន បញ្ញតិដទុក មិនអាចទទួលស្គាល់អានុភាពនៃការប្រើសិទ្ធិនោះឡើយ ។
មាត្រា ៥.-គោលការណ៍នៃភាពសុចរិត និង ភាពស្មោះត្រង់
ការប្រើសិទ្ធិ និង ការអនុវត្ដករណីយកិច្ច ត្រូវធ្វើឡើងដោយសុចរិត ផ្អែកតាមភាពស្មោះត្រង់ ។