ស្ថាប័ននយោបាយ សំដៅលើស្ថាប័ន ដែលមានសមត្ថកិច្ចសម្រេចរាល់កិច្ចការធំៗ ដែលទាក់ទាក់ទងជាមួយអាយុជីវិត
របស់ប្រទេសជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអភិបាលកិច្ច ដំណើរការបង្កើតគោលនយោបាយ និងការអភិវឌ្ឍន៍របស់ប្រទេស។ការស្វែងយល់ពីទិដ្ឋភាពនៃស្ថាប័ននយោបាយគឺចាំបាច់សម្រាប់ចាប់យកសក្ដានុពលនយោបាយរបស់ប្រទេសកម្ពុជា និងបញ្ហាប្រឈមដែលខ្លួនជួបប្រទះ។ ស្ថាប័ននយោយ ត្រូវបានចែងកំណត់ដោយរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូល ។ ជាការសង្កេត រាល់ការវិសោធនកម្ម ក៏មានភាពជាប់ពាក់ព័ន្ធ ជាមួយការបង្កើត និងការកែប្រែស្ថាប័ននយោបាយរបស់កម្ពុជាផងដែរ។ យោងតាមការវិវត្តរបបនយោបាយនៅកម្ពុជា បានបង្ហាញឲ្យឃើញ ព្រះរាជាណាចក្រកម្ពុជាបានអនុម័តរដ្ឋធម្មនុញ្ញដំបូងរបស់ខ្លួននៅឆ្នាំ ១៩៤៧ ដែល ត្រូវបានគេស្គាល់ថាជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី ១ (១៩៤៧-១៩៧០) ។
ខាងក្រោមនេះជាបញ្ជីនៃប្រវត្តិរដ្ឋធម្មនុញ្ញ ចំនូន០៦ លើក របស់ប្រទេសកម្ពុជា៖
១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (១៩៤៧) (កែប្រែរហូតដល់ឆ្នាំ ១៩៦៤)
២. រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរ (១៩៧២) (១៩៧០-១៩៧៥)
៣. រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ (១៩៧៦) (១៩៧៥-១៩៧៩)
៤. រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៨១) (១៩៧៩-១៩៨៩)
៥. រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា (១៩៨៩) (១៩៨៩-១៩៩៣)
៦. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣) (បច្ចុប្បន្ន មានវិសោធនកម្មផ្សេងៗ)
បច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងប្រើប្រាស់រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមានប្រវត្តិវិសោធនកម្មចំនួន ១០ លើក។ ហេតុនេះ នៅក្នុងផ្នែកសិក្សានេះ យើងនឹងធ្វើការសិក្សាអំពីដំណើរប្រព្រឹត្តនៃស្ថាប័ននយោបាយនៅកម្កុជា រួមមាន ស្ថាប័នព្រះមហាក្សត្រ , ស្ថាប័នរដ្ឋសភា ស្ថាប័នព្រឹទ្ធសភា តែដើម្បីយល់ពីសាវដាច្បាស់ នៃស្ថាប័នទាំងនេះ យើងគប្បី ស្វែងយល់ឲ្យបានច្បាស់អំពីលទ្ធផល នៃវិសោធនកម្ម ដែលបានកើតឡើងនៅកម្ពុជា ជាមុនសិន។
ការចូលរួមរបស់ប្រជាពលរដ្ឋ បង្កើតបានលទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែស្ថាប័ននយោបាយ ជាស្ថាប័នមានអំណាចធ្វើសកម្មភាព
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម គិតមកទល់នឹងពេលនេះ ចំនួន ១០ លើករួចមកហើយ។ យោងតាម សន្និសីទសារព័ត៌មានស្តីពី សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញនៃកម្ពុជា និង មាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ» រៀបចំធ្វើនៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានគូបញ្ជាក់អំពីប្រវត្តិ និងគោលបំណង នៃវិសោធនកម្ម រដ្ឋធម្មនុញ្ញា ចំនូន ១០លើក ដែលមានខ្លឹមសារដូចខាងក្រោម ៖
-លើកទី ១ ជាការធ្វើវិសោធនកម្មនៅក្នុងឆ្នាំ១៩៩៤ : នៅក្នុងនីតិកាលទី ១ នៃរដ្ឋសភា បានធ្វើវិសោធនកម្ម ចំនួន ០១ មាត្រា គឺមាត្រា ២៨ នៃរដ្ឋធម្មនុញ្ញ ក្នុងគោលបំណងផ្តល់សិទ្ធិថ្វាយព្រះមហាសក្សត្រ ក្នុងការផ្ទេរសិទ្ធិឡាយព្រហត្ថលេខា នៅលើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យ ទៅប្រមុខរដ្ឋស្តីទី ដើម្បីចុះហត្ថលេខាជំនួស ដោយព្រះរាជសារប្រគល់សិទ្ធិ ក្នុងអំឡុងពេលព្រះមហាក្សត្រអវត្តមាន នៅពេលដែលព្រះមហាក្សត្រ ទ្រង់ប្រឈួន ហើយត្រូវសម្រាកព្យាបាល ព្រះរោគនៅបរទេស។ ដូចនេះ ការធ្វើវិសោធនកម្ម នៅពេលនោះ គឺដើម្បីបំពេញភាពខ្វះខាត រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឲ្យបាននូវប្រក្រតីភាព និងនិរន្តភាព នៃកិច្ចដំណើរការ របស់ស្ថាប័នជាតិ ។
-លើកទី ២ ជាការធ្វើវិសោធនកម្ម ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ១៩៩៩ : នៅនីតិកាលទី ២ នៃរដ្ឋសភា : នៅនីតិកាលទី ២ នៃរដ្ឋសភា ដែលក្នុងនោះជាការធ្វើវិសោធនកម្ម ដ៏ធំមួយ ដែលពាក់ព័ន្ធនឹងមាត្រា ១១ មាត្រា ១២ មាត្រា ១៣ មាត្រា ១៨ មាត្រា ២២ មាត្រា ២៤ មាត្រា ២៦ មាត្រា ២៨ មាត្រា ៣០ មាត្រា ៣៤ មាត្រា ៥១ មាត្រា ៩០ មាត្រា ៩១ និងមាត្រា ៩៣ ព្រមទាំងមាត្រាទាំងឡាយ នៃជំពូកទី ៨ ដល់ជំពូកទី ១៤ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា ។ ការធ្វើវិសោធនកម្មពេលនោះ មានរហូតដល់មានការបង្កើតបន្ថែម នូវជំពូកថ្មីមួយ គឺជំពូកទី ៨ ស្តីអំពី ស្ថាប័នព្រឹទ្ធសភា ។ កម្មវត្ថុចម្បងនាពេលនោះ គឺបង្កើតឲ្យមានស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលរបស់ជាតិ ។ គោលបំណងសំខាន់ នៃការធ្វើការវិសោធនកម្មលើកទី ២ គឺដើម្បីបង្កើតឲ្យមានសភាពីថ្នាក់ តាមប្រព័ន្ធដែលគេហៅថា ទ្វិកសភានិយម (បានន័យថា សភាមានពីរ) ដើម្បីបំពេញសេចក្តីត្រូវការចាំបាច់ របស់កម្ពុជា ស្របតាមសភាពការណ័ជាក់ស្តែង និងដើម្បីលើកកម្ពស់ គោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងគោលការណ៍ នៃការដឹកនាំរដ្ឋ តាមបែបរបបសភានិយម ។
-លើកទី ៣ ជាការធ្វើវិសោធនកម្ម នៅក្នុងឆ្នាំ ២០០១ ៖ នៅក្នុងនីតិកាលទី ២ នៃរដ្ឋសភា ដោយក្នុងនោះបានធ្វើវិសោធនកម្ម ចំនួន ០២ មាត្រា គឺមាត្រា ១៩ និងមាត្រា ២៩ នៃរដ្ឋធម្មនុញ្ញ ។ កម្មវត្ថុ នាពេលនោះ គឺមានចំនួន ០២ ជាចម្បង គឺ ទី ១ ផ្តល់ព្រះរាជសិទ្ធិថ្វាយព្រះមហាក្សត្រ ក្នុងការបង្កើត និងប្រទានគ្រឿងឥស្សរយសជាតិ ដោយពុំបាំបាច់មានសេចក្តីស្នើសុំ ពីគណៈរដ្ឋមន្រ្តី និងទី ២ គឺការកែសម្រួល នូវកំហុសបច្ចេកទេស ត្រង់លេខមាត្រាយោង ក្នុងមាត្រា ១៩ ពីមាត្រា ១០០ ចាស់ ទៅមាត្រា ១១៩ ថ្មី ដោយសារការកែលើកទី ២ មានការរំកិលមាត្រា ចឹងមាត្រា ១៩ គាត់យោងទៅមាត្រា ១០០ ហើយមាត្រា ១០០ បានរំកិលដូរលេខជាមាត្រា ១១៩ ដូច្នេះ មាត្រា ១៩ ត្រូវកែឡើងវិញ ជាកំហុសផ្នែកបច្ចេកទេស។ គោលបំណងពេលនោះ គឺការបំពេញនូវ ចំណុចខ្វះខាតនៅក្នុងរដ្ឋធម្មនុញ្ញ និងថ្វាយជូនព្រះមហាក្សត្រ នូវព្រះរាជបុព្ធសិទ្ធិ ក្នុងឋានៈជាព្រះប្រមុខរដ្ឋ។
–លើកទី ៤ ជាការធ្វើវិសោធនកម្ម នៅក្នុងឆ្នាំ ២០០៥ : នៅក្នុងនីតិកាលទី ៣ នៃរដ្ឋសភា ដែលក្នុងនោះ បានធ្វើវិសោធនកម្ម ចំនួន ០២ មាត្រា គឺមាត្រា ៨៨ និងមាត្រា ១១១ ថ្មី ។ កម្មវត្ថុចម្បង គឺការកែប្រែនូវកូរ៉ុម នៃការប្រជុំរដ្ឋសភា និងកូរ៉ុម នៃការប្រជុំព្រឹទ្ធសភា ក្នុងនោះបានបន្ថយកូរ៉ុម ៧ ភាគ ១០ នៃសមាជិករដ្ឋសភា សម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឲ្យយកមតិភាគច្រើន ២ ភាគ ៣ ឬ យកមតិភាគច្រើន ៣ ភាគ ៤ នៃសមាជិករដ្ឋសភាទាំងមូល និងបង្កើតកូរ៉ុមលើសពីពាក់កណ្តាលនៃចំនួនសមាជិកសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឲ្យយកមតិភាគច្រើនដោយប្រៀប ឬ យកមតិភាគច្រើនដាច់ខាត នៃចំនួនរដ្ឋសភាទាំងមូល ។ គោលបំណង គឺដើម្បីធានាឲ្យស្ថាប័ននីតិបញ្ញត្តិ ទាំងស្ថាប័នរដ្ឋសភា និងស្ថាប័នព្រឹទ្ធសភា មានកិច្ចដំណើរការប្រព្រឹត្តទៅបានល្អ និងដោយគ្មានឧបសគ្គ ដែលអាចធ្វើឲ្យស្ថាប័នកំពូល នៃជាតិទាំងពីរនេះ ជាប់គាំង ដែលនឹងអាចក្លាយជា ឬ បង្កឲ្យមានអស្ថេរភាព ខាងនយោបាយ ម្យ៉ាងទៀត ជាទិដ្ឋភាពបច្ចេកទេស ការធ្វើវិសោធនកម្មនេះ គឺមានមូលដ្ឋានសមហេតុផល តាមផ្លូវច្បាប់ ច្បាស់លាស់ និងគ្រប់គ្រាន់ ព្រោះជាគោលការណ៍ទូទៅ កូរ៉ុមសម្រាប់ការប្រជុំ គឺតម្រូវត្រឹមតែចំនួនសមាជិក អប្បបរមា សម្រាប់ការធ្វើការអនុម័តលើរបៀបវារៈណាមួយតែប៉ុណ្ណោះ។ មានន័យថា បើរដ្ឋសភាប្រជុំ អនុម័ត នូវរបៀបវារៈមួយ ដែលត្រូវការសម្លេង ៥០% + 1 គឺមានន័យថា កូរ៉ុមប្រជុំឲ្យមានយ៉ាតិច ៥០% + 1 គេមិនអាចទាមទារប្រជុំអនុម័តកិច្ចការណាមួយ ត្រូវតែរដ្ឋសភា ត្រូវមានចំនួន ១២៥ ត្រូវមកប្រជុំទាំងអស់គ្នានោះទេ ហើយ នេះជាការអនុវត្តទូទៅ នៅក្នុងសកលលោក ប៉ុន្តែកាលពីមុន រដ្ឋធម្មនុញ្ញយើង មានចែងចងថា អនុមត័ទោះ សម្លេង ៥០% + 1 ក៏ដោយ តែអ្នកចូលប្រជុំ ត្រូវតែមានចំនួន ចាប់ពីប៉ុណ្ណេះឡើងទៅ។ ចឹងវាធ្វើឲ្យរដ្ឋសភា ដែលជាស្ថាប័នកំពូល របស់ជាតិ ជាប់គាំង ប៉ុន្តែលើការពិត តម្រូវការពិតប្រាកដ គឺចំនួនសម្លេងដែលត្រូវការការអនុម័តតែប៉ុណ្ណោះ ។ ចឹងស្នូលរបស់វា ស្តិតនៅក្នុងចំនួនសម្លេង ចឹងហើយបានជាវិសោធនកម្ម ពាក់ព័ន្ធនឹងកូរ៉ុមប្រជុំនេះ ត្រូវបានធ្វើជាបន្តបន្ទាប់ ដើម្បីដោះស្រាយនូវឧបសគ្គ ខាងផ្លូវច្បាប់ ហើយធានាឲ្យ ដំណើរការ នៃស្ថាប័នរដ្ឋសភា អាចប្រព្រឹត្តទៅដោយរលូន តាមគោលការណ៍ប្រជាធិបតេយ្យ និងរបបសភានិយម។ ចឹង ឥលូវ រហូតមកដល់បច្ចុប្បន្ននេះ កូរ៉ុមប្រជុំសម្រាប់អនុម័ត ដែលត្រូវការសម្លេង ២ ភាគ ៣ គឺត្រូវការកូរ៉ុមប្រជុំ ក្នុងនោះសមាជិកសភា ត្រូវមានវត្តមានប្រជុំ ត្រូវមានយ៉ាងតិចស្មើនឹងចំនួន ២ ភាគ ៣ នៃសមាជិករដ្ឋសភាទាំងមូល។ បើរបៀបវារៈ ត្រូវការសម្លេង ៥០% + 1 ដែលភាសាច្បាប់ ហៅថា មតិភាគច្រើនដាច់ខាត គឺមានន័យថា គេត្រូវការកូរ៉ុមសម្រាប់ធ្វើការប្រជុំ ៥០% + 1 គេអត់ត្រូវវត្តមានប្រជុំ ១២៥ រូប ដើម្បីអនុម័តលើរបៀបវារៈ ដែលត្រូវការសម្លេង ៥០% + 1 ប៉ុន្តែ បើសមាជិករដ្ឋសភាអញ្ជើញមក ១២៥ រូប ក៏អត់អីដែរ ជាការកាន់តែប្រសើរ ប៉ុន្តែតម្រូវការពាក្យ នៃកូរ៉ុម មានន័យថា ចំនួន អប្បបរមា ដែលត្រូវមានវត្តមាន ដើម្បីបង្កើតបាមសុពលភាព នៃការប្រជុំ រដ្ឋសភា ។
-លើកទី ៥ ជាការធ្វើវិសោធនកម្ម នៅក្នុងឆ្នាំ២០០៦ : ក្នុងនីតិកាលទី ៣ នៃរដ្ឋសភា ក្នុងនោះបានធ្វើវិសោធនកម្ម ចំនួន ០៨ មាត្រា គឺមាត្រា ៨២ មាត្រា ៨៨ ថ្មី មាត្រា ៩០ ថ្មី មាត្រា ៩៨ មាត្រា ១០៦ ថ្មី មាត្រា ១១១ ថ្មី (១) មាត្រា ១១៤ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៦ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានាដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ។ កម្មវត្ថុ នៃការធ្វើវិសោធនកម្មលើកទី ៥ នេះ គឺការកែសម្រួល សម្លេងបោះឆ្នោត ពីសម្លេង ២ ភាគ ៣ មកជា មតិភាគច្រើនដាច់ខាត ៥០% + 1 និងការកែប្រែកូរ៉ុមប្រជុំរដ្ឋសភា និងព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតដូចតទៅ ៖
*ទី១ ការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន នៃរដ្ឋសភា និងសមាជិកគណៈកម្មការនានា ឮ
*ទី២ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់រាជរដ្ឋាភិបាល និងការអនុម័តញ្ញាត្តិបន្ទោស ទម្លាក់សមាជិកគណៈរដ្ឋមន្រ្តី ឬ ទម្លាក់រាជរដ្ឋាភិបាល
*ទី៣ ការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន នៃព្រឹទ្ធសភា និងសមាជិកគណៈកម្មការនានា
*ទី៤ ការអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
គោលបំណង នៃការធ្វើវិសោធនកម្មលើកទី ៥ នេះ គឺដើម្បីធានាឲ្យស្ថាប័នជាតិ ពិសេសស្ថាប័នរដ្ឋសភា ស្ថាប័នព្រឹទ្ធសភា និងស្ថាប័នរាជរដ្ឋាភិបាល មានដំណើរការប្រព្រឹត្តទៅដោយរលូន គ្មានការជាប់គាំង និងប្រកបដោយនិរន្តរភាព ជាពិសេស ការដោះស្រាយ នូវឧបសគ្គខាងនយោបាយ ដែលតែងតែនាំឲ្យមានភាពជាប់គាំង ក្នុងការបង្កើតឲ្យមានរាជរដ្ឋាភិបាល នៅដើមនីតិកាលនីមួយៗ បន្ទាប់ពីការបោះឆ្នោតរួច ហើយការធ្វើវិសោធនកម្មនេះ ក៏ស្របជាមួយគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងរបបសភានិយម នៅក្នុងបណ្តាប្រទេសនានា នៅក្នុងសកលលោកផងដែរ។
វិសោធនកម្មលើកទី ៥ នេះ គឺ ជាវិសោធនកម្មមួយ ដែលបានដកចេញ នូវឧបសគ្គជាតិ ដ៏ធំ ដែលយើងជាប្រជាពលរដ្ឋខ្មែរ ធ្វើជាសាក្សីនៅក្នុងរឿងនេះ គឺក្រោយការបោះឆ្នោតនីមួយៗ តែងមានភាពជាប់គាំង ក្នុងការបង្កើតរាជរដ្ឋាភិបាល ដោយសាររដ្ឋធម្មនុញ្ញតម្រូវថា ការបង្កើតរាជរដ្ឋាភិបាល ត្រូវការសម្លេង ២ ភាគ ៣ នៃចំនួនសមាជិកសភាទាំងមូល ចឹងនៅរាល់ពេលមានការបង្កើតរដ្ឋាភិបាល បើមានសម្លេង ២ ភាគ ៣ ទេ នោះនឹងមានភាពជាប់គាំង ។ តើការជាប់គាំង ថាតើមានបានប្រយោជន៍អ្វីដល់សង្គមជាតិរបស់យើង ? តើវាបានបម្រើឧត្តមប្រយោជន៍របស់ប្រជាជនទេ ? ចម្លើយថា អត់បានទេ ចឹងទីបំផុតវិសោធនកម្មលើកទី ៥ នេះ គឺបានទម្លាយឧបសគ្គដ៏ធំនេះ ហើយការបង្កើតរាជរដ្ឋាភិបាល ការបង្កើតក្បាលម៉ាស៊ីនដឹកនាំ រដ្ឋសភា ព្រឹទ្ធសភា ការអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ព្រឹទ្ធសភា គឺត្រូវការតែសម្លេង ៥០% + 1។ សំនួរយ៉ាងសួរមួយទៀត កុំនិយាយត្រឹមតែផ្ទៃក្នុងរបស់កម្ពុជា តើនៅក្នុងសកលលោកនេះ ប្រទេសទាំងឡាយ ដែលប្រកានយករបបប្រជាធិបតេយ្យ និងតាមបែបសភានិយម តើប្រទេសនីមួយៗនោះ ត្រូវការបង្កើតរដ្ឋាភិបាល ត្រូវការសម្លេងប៉ុន្មាន តាមពិត គេត្រូវការតែសម្លេងមតិភាគច្រើនដាច់ខាត ៥០% + 1 នោះទេ។ វិសោធនកម្មលើកទី ៥ គឺដោះបញ្ហារបស់ជាតិ ដើម្បីធានាបាននូវ ដំណើរការល្អប្រសើរដោយគ្មានការជាប់គាំង ធានាបាននូវនិរន្តរភាពរបស់ជាតិ ។
រៀបរៀងអត្ថបទដោយ :
លោកមេធាវី រ៉ាន់ សុគន្ធ
០៩២ ៧៧៧ ៩៨៦