មុខវិជ្ជា “វិធីសាស្រ្តគតិយុត្ត” គឺជាមុខវិជ្ជាជំនួយស្មារតីមួយសម្រាប់និស្សិតច្បាប់ ក៏ដូចជា អ្នកច្បាប់ទូទៅ ក្នុងការសិក្សាលើមុខវិជ្ជាដទៃផ្សេងទៀត ឬ សម្រាប់ប្រកបវិជ្ជាជីវ:ច្បាប់ណាមួយ។ ក្នុងរយៈពេលកន្លងមក យើងសង្កេតឃើញថា និស្សិតច្បាប់ ពុំមានពេលផ្តោត គ្រប់គ្រាន់លើមុខវិជ្ជានេះឡើយ ម្យ៉ាងនៅតាមគ្រឹះស្ថានសិក្សាច្បាប់ មួយចំនួន ក៏ពុំមានការដាក់បញ្ចូលមុខវិជ្ជាសិក្សានេះ មានពេលវេលាគ្រប់គ្រាន់សមស្រប តាមស្ថានភាពសិស្សនោះឡើយ។ តាមការពិត “វិធីសាស្រ្តគតិយុត្ត” ប្រៀបបានដូចគ្រឿងអលង្ការរបស់អ្នកច្បាប់ ហើយ ការបំពាក់វាលើដំណើរការសិក្សា ជាភាពសមសួនស៊ីវិល័យមួយ ធ្វើឲ្យអ្នកច្បាប់ មានភាពលេចធ្លោខុសពីអ្នកសិក្សាច្បាប់ធម្មតា។ ជាបទពិសោធន៍ នៃត្រចៀកដែលបានស្តាប់លឺ មានមតិមួយចំនួនលើកឡើងថា “វិធីសាស្រ្តគិតយុត្ត” ពិបាកសិក្សា និង អាចរំលងបាន ហើយ បទពិសោធន៍ នៃការអនុវត្តជាក់ស្តែង មានលទ្ធផលការងារមួយចំនួនបានលេចជាមតិថា “គ្មានដំណោះស្រាយយុត្តិធម៌ បានដោយងាយៗ បើគ្មានវិធីសាស្រ្តឡើយ”។ ហេតុនេះទើប យើងខ្ញុំ ជ្រើសរើសតំរង់ វគ្គសិក្សានេះ ជាចំណុចមាំ និងចង់បំពាក់នូវសមត្ថភាពវិធីសាស្រ្ត ទៅលើសិក្ខាកាមទាំងអស់ មុនចេញប្រយុទ្ធ ក្នុងវិស័យការងារ។
ការបង្កើតវគ្គសិក្សានេះ ពុំមែនកើតឡើងដោយចៃដន្យឡើយ។ គ្រប់យ៉ាងកើតឡើងចេញពីលំហូរគម្រោងការ ផ្តើមពីក្តីស្រម៉ៃ ជាចក្ខុវិស័យ បន្ទាប់មានការកំណត់នូវឱកាសណាមួយជា ទស្សនវិស័យ ។ នៅគ្រប់ដំណាក់កាល នៃការចងក្រងមាតិកាមេរៀន យើងខ្ញុំ បានកំណត់ជាមុននូវ គោលបំណង ដែលជាក្តីសង្ឃឹម និងឱកាសដែលវគ្គសិក្សានេះ អាចសម្រេចបាន (Subjective)។ ជាមួយគ្នានេះ ដើម្បីសម្រេចគោលបំណង យើងក៏បានកំណត់ គោលដៅ (Objective) ដែលចាត់ជា អ្វីៗជាគោល សម្រាប់អនុវត្តក្នុងវគ្គសិក្សានេះ។ ខាងក្រោមនេះ គឺខ្លឹមសារគោលជំហរ នៃការបង្កើតវគ្គសិក្សានេះឡើង :
ចក្ខុវិស័យ : យើងខ្ញុំ សំលឹងឃើញថា ការប្រកបការងារផ្នែកច្បាប់ មានតម្រូវពេញបន្ទុក ក្នុងការធ្វើមានភាពស្របច្បាប់ លើគ្រប់វិស័យ។
ទស្សនវិស័យ : ការផ្លាស់ប្តូរឥរិយាបទផ្នែកសិក្សា និងការងារ ដែលប្រើវិធីសាស្រ្តគតិយុត្តិ ផ្តលនូវសុវត្ថិភាពគតិយុត្តិ នៅក្នុងកិច្ចការច្បាប់។
គោលបំណង: ដើម្បីឆ្លើយតប នឹងតម្រូវការយុត្តិធម៌ អ្នកសិក្សាច្បាប់ ត្រូវធ្វើសមារណ័កម្មនូវរាល់វិធីសាស្រ្ត និង បច្ចេកទេស ឲ្យទាន់សភាពការអយុត្តិធម៌។
គោលដៅ : តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីសម្រេច នូវលទ្ធផលដែលយើងចង់បាន?
មានតែការចាក់គ្រឹះមាំសមត្ថភាព ប្រើវិធីសាស្រ្តគតិយុត្តិ តែមួយគត់ ទើប នាំអ្នកច្បាប់ អាចស្វែងដំណោះស្រាយច្បាប់បានល្អជាងគេ។
វិធីសាស្រ្តសិក្សា : ដើម្បីសម្រេចបាននូវចំណុចគោលខាងលើ យើងខ្ញុំ សម្រេចជ្រើសរើស វគ្គសិក្សា “វិធីសាស្រ្តគតិយុត្តិ” មកធ្វើបទបង្ហាញ ដោយចែកចេញពីរផ្នែក រួមមាន ផ្នែកទ្រឹស្តី និងការអនុវត្តលំហាត់ ព្រមទាំងការដាក់បញ្ចូលសមត្ថភាពបច្ចេកទេមួយចំនួន ដល់សិក្ខាកាម។
ហេតុនេះ ដើម្បីយល់ច្បាស់អំពីទិសដៅ នៃការសិក្សាមុខវិជ្ជា “វិធីសាស្រ្តគតិយុត្ត” ជាដំបូងយើ់ងត្រូវតែយល់ដឹងអំពីការកំណត់និយមន័យ នៃ វិធីសាស្រ្តគតិយុត្ត ( ១) បន្ទាប់មក យើងនឹងបន្តជ្រាបឲ្យកាន់តែច្បាស់អំពី ទម្រង់ នៃប្រភេទលំហាត់គតិយុត្ត ដែលត្រូវលើកយកមកសិក្សា និងប្រើប្រាស់វិធីសាស្រ្តគតយុត្ត (២) និង ជាចុងក្រោយ យើងខ្ញុំនឹងបង្ហាញពីគន្លឹះជំនួយស្មារតី សម្រាប់សិក្សាមុខវិជ្ជានេះ ឲ្យឆាប់យល់ (៣) ។
“ពុំមានសៀវភៅវិធីសាស្រ្តណា អាចអះអាងថា មានវិធីសាស្រ្តត្រឹមត្រូវសម្រាប់សិស្សទាំងអស់ឡើយ។ មែនទែនទៅ គ្រប់យ៉ាង គឺការចាប់អារម្មណ៍ និងការរកស្វែងយល់អំពីខ្លួនរបស់អ្នក កើតចេញពីការហ្វឹកហាត់ជាប្រចាំនៅក្នុងលក្ខខណ្ឌដូចគ្នានឹងការប្រឡង។”
១. សេចក្តីផ្តើមទូទៅអំពីវគ្គសិក្សា “វីធីសាស្រ្តគតិយុត្ត”
តើអ្វីទៅ “វិធីសាស្រ្តគិតយុត្តិ ?
-ការកំណត់និយមន័យតាម ន័យនៃពាក្យ :
-វីធីសាស្រ្ត (១) : ជាសំណុំគន្លឹះ ឬ វិធី ឬ របៀប និងបច្ចេកទេស ក្នុងវិស៏យជាក់លាក់ណាមួយ (មិនទូទៅឡើយ)
-គតិយុត្ត (២) : -តាមគន្លងច្បាប់ ឬ ដែលទាក់ទងនឹងច្បាប់ ឬ ដែលត្រឹមត្រូវតាមច្បាប់ ។
-វិធីសាស្រ្តគិតិយុត្ត : (១) +(២) = ជាសំណុំគន្លឹះ និងបច្ចេកទេស ប្រើប្រាស់ក្នុងកិច្ចការតាមការកំណត់របស់ច្បាប់។
-ការកំណត់និយមន័យតាម ដំណើរការនៃពាក្យ :
វិធីសាស្រ្តគតិយត្ត គឺជាដំណើរការរកដំណោះស្រាយច្បាប់ តបចំណោទបញ្ហា ឬ ចំណុចវិវាទ។
ជាការសង្កេត កម្រិតនៃដំណើរការ ត្រូវធ្វើចំណាត់ថ្នាក់ ០៥ ជួរ ជាទិដ្ឋភាព
ជួរទី ១-ដំណាក់កាលកសាងប្រព័ន្ធទិន្នន័យ (បណ្ណាល័យរបស់អ្នក)
១.ប្រមូលសន្សំ
២-រៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ
៣-រុករកយកមកប្រើ ដោយប្រសិទ្ធិភាព
៤-ចងក្រងតាមប្រធានបទ
៥-កត់ត្រា ត្រៀមតាក់តែង និងផលិត
ជួរទី ២-ដំណាក់កាលសិក្សាច្បាប់ (សិក្សានៅក្នុងថ្នាក់)
នៅក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យច្បាប់ គេបានដាក់មុខវិជ្ជាសិក្សានេះ តម្រូវជាកាតព្វកិច្ចឲ្យសិស្សនិស្សិតច្បាប់ សិក្សានៅនូវលំហាត់អនុវត្ត :
១. លំហាត់សំនួរ-ចម្លើយ
២. លំហាត់ករណីសិក្សា
៣. សង្ខេបសាលកបត្រសេចក្តីសម្រេចតុលាការ
៤. បរិមាធិប្បាយសេចក្តីសម្រេចតុលាការ
៥. បរិមាធិប្បាយប្រធានបទ បទប្បញ្ញាត្តិ
៦. របៀបសរសេរនិក្ខេបទ សារណា កិច្ចស្រាវជ្រាវ
គ្រប់ជំហាន នៃលំហាត់ទាំងអស់ សុទ្ធតែដំណើរការរកដំណោះស្រាយ តបនឹងចំណុចបញ្ហាដែលលំហាត់បាន ដាក់ចេញមក។ អ្នកសិក្សាច្បាប់ អាចនឹងធ្វើការសិក្សា ប្រើពេលរហូតដល់ ០៤ ឆ្នាំ ទៅ ០៦ ឆ្នាំ ឬ ១០ ឆ្នាំ (បរិញ្ញាបត្រ -> បរិញ្ញាបត្រជាន់ខ្ពស់ អនុបណ្ឌិត បណ្ឌិត) ដើម្បីធ្វើលំហាត់ទាំងនេះ ឲ្យបានកាន់តែច្រើន កាន់តែល្អ។
ជួរទី ៣-ដំណាក់កាលប្រកបវិជ្ជាជីវៈ (ជាតួអង្គវិជ្ជាជីវៈ ដូចមេធាវី ចៅក្រម ព្រះរាជអាជ្ញា)
១. សម្ភាសន៍អតិថិជន/កូនក្តី
២. ប្រឹក្សាយោបល់ផ្នែកច្បាប់
៣. ដោះស្រាយក្រៅប្រព័ន្ធតុលាការ
៤. តាក់តែងលិខិតពាក្យបណ្តឹង ឬលិខិតស្នើសុំ
៥. ឯកសារត្រៀម ឬ ឯកសារចម្លើយ (មធ្យោបាយតទលើ
៦. នីតិវិធីត្រៀម ឬ សាកសួរ
៧. ទាញហេតុផលដោយផ្ទាល់មាត់ / ពិភាក្សាដេញដោល
៨. បណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់
ជួរទី ៤-ដំណាក់កាលប្រកបកិច្ចការច្បាប់ (ដូចជា ទីប្រឹក្សាច្បាប់, អ្នកឯកទេសច្បាប់)
១. អនុវត្តតួនាទី , ចេញសេចក្តីសម្រេច
២. អនុវត្តច្បាប់ , សេចក្តីសម្រេចតុលាការ
៣. ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
៤. តាក់តែងលិខិតរដ្ឋបាល
៥. ឯកសារជំនួយស្មារតីផ្នែកច្បាប់
៦. នីតិកម្មក្នុងអង្គភាព
៧. យន្តការផែនការណ៍ និងការត្រួតពិនិត្យ
៨. លើកយោបល់ និងទិសដៅអនុវត្តបន្ត
ជួរទី ៥ – ដំណាក់កាលបង្កើតដំណោះស្រាយថ្មី ( អភិក្រម -> ច្បាប់)
១. តាក់តែងច្បាប់ថ្មី
២. វិសោធន៍កម្មច្បាប់ចាស់
៣. កិច្ចស្រាវជ្រាវច្បាប់
២. តើលំហាត់ដែលអនុវត្តនៅក្នុងវីធីសាស្រ្តគតិយុត្ត មានអ្វីខ្លះ និងខុសគ្នាយ៉ាងដូចម្តេច?
ក. តើ វីធីសាស្រ្ត “លំហាត់សំនួរ-ចម្លើយ សិក្សាអំពីអ្វី ?
លំហាត់ប្រភេទនេះ ជាលំហាត់ដ៏ពេញនិយម ដែលនិស្សិតច្បាប់តែងជួបប្រទះ ហើយ ប្រធានវិញ្ញាសា ផ្តល់សិស្សនូវទម្រង់សំនួរ មានពីរប្រភេទ គឺសំនួរបិទ ឬ សំនួរបើក។ ជាធម្មតា សំណួរដែលតែងចោទ តែងគុណកិរិយាសំនួរ (Ws and How)
ខ. តើ វិធីសាស្រ្ត “លំហាត់អនុវត្ត (ករណីសិក្សា)” សិក្សាអំពីអ្វី?
លំហាត់អនុវត្ត (ករណីសិក្សា) ដែលមានគោលដៅពង្រឹងសមត្ថភាពរកដំណោះស្រាយគតិយត្តិ តាមរយៈការដាក់ចេញ នូវស្ថានភាពអង្កហេតុណាមួយ ដែលបង្កប់នូវ ចំណោទបញ្ហាមួយ ឬ ច្រើន សម្រាប់ឲ្យសិស្សស្វែងរកដំណោះស្រាយ តាមរយៈវិធីសាស្រ្តដោះស្រាយ ដែលបានកំណត់ជាជំហានៗ។ ក្នុងលំំហាត់នេះ ប្រើប្រាស់គន្លឹះកំណត់ចរិតលក្ខណៈនៃអង្គហេតុដែលបានកើតឡើង ឲ្យក្លាយជាអង្គហេតុគតិយុត្តិចម្បង ដែលមានបច្ចេកស័ព្ទគតិយុត្តិ ។ លំហាត់អនុវត (ករណីសិក្សា) មានលក្ខណៈស្រដៀងនឹងការ លំហាត់អនុវត្ត មួយប្រភេទទៀត គឺ ការប្រឹក្សាយោបល់ផ្នែកច្បាប់។
គ. តើ វិធីសាស្រ្ត “សាលបត្រសេចក្តីសម្រេចតុលាការ” សិក្សាអំពីអ្វី?
ការសង្ខេបសលាកបត្រសេចក្តីសម្រចតុលាការ (ដីកាសម្រេច , សាលក្រម) ជាលំហាត់អនុវត្ត ដែលនិស្សិតច្បាបទូទៅ តែងជួបប្រទះ។ ប្រភេទលំហាត់នេះ ផ្តោតសំខាន់អំពី ពង្រឹងការយល់ដឹងអំពីមូលដ្ឋាន នៃការទាមទារ , សំអាងហេតុ និងបច្ចេកស័ព្ទគតិយុត្តិ។ យើងសិក្សាបន្ថែមអំពី របៀបបំលែងអង្គហេតុធម្មតា ទៅអង្គហេតុគតិយុត្តិចម្បង , បន្ទាប់មក បង្កើតនូវ ចំណោទសួរគតិយុត្តិ ឬ កំណាត់នូវចំណុចវិវាទរឿងក្តី ដែលមាននៅក្នុងសេចក្តីសម្រេចរបស់តុលាការ ទៅតាមប្រភេទនៃសេចក្តីសម្រេចនីមួយៗ អាចជា :
-សេចក្តីសម្រេចតាមការទាមទារ (ទាំងមូល ឬ ដោយផ្នែក)
-សេចក្តីសម្រេចច្រានចោល (ទាំងមូល ឬ ដោយផ្នែក)
-សេចក្តីសម្រេចលើកចោល (ទាំងមូល ឬ ដោយផ្នែក)
-សេចក្តីសម្រេចតម្កល់សាលក្រម ឬ សាលដីកា (ទាំងមូល ឬ ដោយផ្នែក)
ឃ. តើ វិធីសាស្រ្ត “បរិមាធិប្បាយសេចក្តីសម្រេចតុលាការ” សិក្សាអំពីអ្វី?
“បរិមាធិប្បាយសេចក្តីសម្រេចតុលាការ” គឺជាប្រភេទលំហាត់គតិយុត្តិ ដែលប្រធានវិញ្ញាសា ផ្តល់ឲ្យសិស្ស នូវសេចក្តីសម្រេចតុលាការ (សាលក្រម ឬ សាលដីកា ឬ ដីកាសម្រេច) ដើម្បីឲ្យសិស្សធ្វើការ ពន្យល់អំពីអត្ថន័យ នៃសេចក្តីនោះ, កំណត់នូវរង្វាយតម្លៃ នៃសេចក្តីសម្រចនេះ (គំនិតចំលុះបញ្ចាំង) និង វិសាលភាព នៃសេចក្តីសម្រេចនេះ។
បរិមាធិប្យាយប្រភេទនេះ ជាប្រភេទលំហាតដែលលំបាក និងគួរឲ្យខ្លាចសម្រាប់និស្សិតច្បាប់ ព្រោះ វាងាយនឹងពន្យល់អត្ថន័យខុស ខុសទៅទាំងព្រម នូវរង្វាយតម្លៃ ព្រមទាំងវិសាលភាព នៃសេចក្តីសម្រេចនោះថែមទៀត។
ង. តើ វិធីសាស្រ្ត “បរិមាធិប្បាយអត្ថបទ” សិក្សាអំពីអ្វី?
“បរិមាធិប្បាយអត្ថបទ” គឺជាប្រភេទលំហាតគតិយុត្តិ ដែលមានផ្តល់ឲ្យសិស្សនូវប្រធានបទមួយ ដើម្បីឲ្យសិស្សកំណត់នូវចំណោទបញ្ហា រួច ដាក់ទិសដៅសិស្ស ប្រើវិធីសាស្រ្តលើកទឡ្ហីករណ៍ ដែលមានលក្ខណៈពិតប្រាកដ តាមទិដ្ឋភាពច្បាប់) ហើយត្រូវមានកសាងរចនាសម្ព័ន្ធអត្ថបទ។ លំហាត់អនុវត្ត ផ្តោតសំខាន់ ការពង្រឹងចំណេះដឹងផ្នែកមុខវិជ្ជាទ្រឹស្តី។
ច. តើ វីធីសាស្រ្ត “សរសេរ និក្ខេបទ សារណា កិច្ចស្រាវជ្រាវ សិក្សាអំពីអ្វី?
ការសរសេរ និក្ខេបទ សារណា កិច្ចស្រាវជ្រាវ ជាប្រភេទលំហាត់ ប្រើរយៈពេលវែង ជាងលំហាត់គិតយុត្តិដទៃទៀត ដែលទាមទារឲ្យសិស្ស ជ្រើសរើសប្រធានបទស្រាវជ្រាវ នៅក្នុងវិស័យណាមួយ ដោយត្រូវគោរពតាមទម្រង់ដែលបានកំណត់ ព្រមទាំងមានគ្រូដឹកនាំផងដែរ។ លំហាត់ប្រភេទ មានគោលដៅ ពង្រឹងសិស្សឲ្យមានសមត្ថភាព ប្រមូល រៀបចំ រុករក ចងក្រង កត់ត្រា និងតាក់តែង ការស្រាវជ្រាវ។
៣. តើគន្លឹះអ្វីខ្លះ ដើម្បីសិក្សាឆាប់ចេះវិធីសាស្រ្តគតិយុត្តិ ?
ជាទូទៅ ដើម្បីសិក្សាឆាប់ចេះ វិធីសាស្រ្តគតិយុត្តិ គឺពុំមានអ្វីជាអាថ៌កំបាងឡើយ អ្នកសិក្សាច្បាប់ទាំងអស់ សុទ្ធតែមានការឱកាសប្រើវិធីសាស្រ្តគិតយុត្តិ តាមភាពវ័យឆ្លាតរៀងខ្លួន ដោយគ្រាន់តែអនុវត្តសកម្មភាពធម្មតាៗ ដូចខាងក្រោម :
-ធ្វើការហ្វឹកហាត់ជាទៀងទាត់ នូវប្រភេទលំហាត់អនុវត្តទាំងអស់ នៅក្នុងអំឡុងពេលសិក្សា នៅសាលាច្បាប់
-ធ្វើការអានជាប្រចាំ នូវគម្រូកំណែលំហាត់អនុវត្ត ជាជំនួយស្មារតី
-ធ្វើការតាមដានជាប្រចាំ នូវបច្ចុប្បន្នភាពគតិយុត្តិ
-យកចិត្តទុកគ្រប់មេរៀន ដែលបានសិក្សា នៅក្នុងកម្មវិធីសិក្សា
-សិក្សាបន្ថែមនូវ ឯកសារជំនួយស្មារតី ពាក់ព័ន្ធនឹងវិធីសាស្រ្តគតិយុត្តិ ដែលពាក់ព័ន្ធវិស័យច្បាប់ណាមួយ
រៀបរៀងអត្ថបទដោយ :
លោកមេធាវី រ៉ាន់ សុគន្ធ
០៩២ ៧៧៧ ៩៨៦